
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានប្រាប់មន្ត្រីរដ្ឋាភិបាលចិន និងអ្នកជំនាញអាកាសធាតុ នៅថ្ងៃសៅរ៍(ទី៨ ខែកក្កដា) នេះ ថា សហរដ្ឋអាមេរិក និងចិន ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២ ត្រូវតែធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង «ការគំរាមកំហែងដែលកំពុងមាន» ពីការប្រែប្រួលអាកាសធាតុ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន លោកស្រី Yellen បាននិយាយថា កិច្ចសហប្រតិបត្តិការមុនៗស្តីពីការប្រែប្រួលអាកាសធាតុ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានធ្វើឲ្យរកឃើញនូវការបំបែកភាពទាល់ច្រកជាសកល ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ជាដើម ហើយលោកស្រីបានបន្ថែមថា រដ្ឋាភិបាលទាំង២ មានបំណងគាំទ្រទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ខណៈដែលពួកគេខិតខំបំពេញតាមគោលដៅអាកាសធាតុរបស់ខ្លួន។
លោកស្រី Yellen បានលើកឡើងនៅក្នុងអត្ថបទដែលបានរៀបចំ នៅឯជំនួបតុមូលស្ដីពីបញ្ហាអាកាសធាតុនៅទីក្រុងប៉េកាំងថា៖ «ការបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិន លើបញ្ហាហិរញ្ញវត្ថុអាកាសធាតុ គឺមានសារៈសំខាន់ណាស់។ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុត២របស់ពិភពលោក និងជាប្រទេសវិនិយោគធំជាងគេលើថាមពលកកើតឡើងវិញ យើងមានទំនួលខុសត្រូវ និងសមត្ថភាពរួមគ្នា ក្នុងការចាត់វិធានការឲ្យបានមុនគេ»។
ដោយមើលឃើញពីទំហំរបស់ប្រទេសទាំង២ កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានចាត់ទុកថា មានសារៈសំខាន់ណាស់ដល់កិច្ចប្រឹងប្រែងជាអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតពីបម្រែបម្រួលអាកាសធាតុ៕