
សំណុំពពុះពុលដ៏ក្រាស់ឃ្មឹក កាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា) បានគ្របដណ្ដប់ផ្នែកខ្លះរបស់ទន្លេមួយ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ដោយកំពុងហូររប៉ាត់រប៉ាយចុះទៅផ្នែកខាងក្រោម ហើយបង្កឲ្យមានការបារម្ភដល់អ្នកស្រុករស់នៅម្ដុំនោះ។
រូបភាពថតពីលើអាកាស ដោយយានដ្រូន បានបង្ហាញពីសំណុំនៃដុំពពុះអណ្តែតក្នុងទន្លេ Tiete នៅទីក្រុង Salto ដែលជាទន្លេដ៏ធំបំផុតក្នុងទីក្រុង Sao Paulo ដែលមានចម្ងាយជាង ១.០០០គីឡូម៉ែត្រ និងឆ្លងកាត់រដ្ឋពីខាងកើតទៅខាងលិច។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា ស្រទាប់ពពុះក្លិនមិនល្អនេះ ហូរចេញមកពីកាកសំណល់សាប៊ូ និងសំណល់គីមី ដែលបានបោះចោលទៅក្នុងទន្លេ ដោយមិនមានការធ្វើប្រព្រឹត្តិកម្ម ពោលគឺសម្លាប់មេរោគហើយ។
អង្គការក្រៅរដ្ឋាភិបាលប្រេស៊ីល SOS Mata Atlantica បានរាយការណ៍ថា ការបង្កកង្វក់ នៅក្នុងទន្លេ Tiete កើនឡើង ៤០ភាគរយ ក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២១ តំបន់ដែលត្រូវបានបំពុល គឺមានចម្ងាយលាតសន្ធឹងដល់ទៅ ៨៥គីឡូម៉ែត្រ៕