
ជារឿងគួរឱ្យអបអរសាទរថ្មីមួយទៀតក្នុងកិច្ចការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា ខណៈស្រាវជ្រាវ និងអភិរក្ស បានប្រទះឃើញកូនផ្សោតថ្មី១ក្បាលបានហែលជាមួយផ្សោតពេញវ័យចំនួន ០៩ក្បាលទៀត នៅក្នុងទន្លេមេគង្គ ក្នុងភូមិសាស្រ្ត អន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រុមស្រាវជ្រាវ និងអភិរក្ស នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង, រដ្ឋបាលជលផល និងអង្គការ WWF បានទទួលព័ត៌មានពីក្រុមសហគមន៍ទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី ចុះថតបានកូនផ្សោត នៅម៉ោង ១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ តាមការអង្កេតរបស់ក្រុមអ្នកអភិរក្សបានសន្និដ្ឋានថា កូនផ្សោត១ក្បាលនេះ ទើបនឹងកើតមានអាយុប្រមាណ១០ថ្ងៃប៉ុណ្ណោះ ហើយពួកគេបានកត់ត្រាថាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ ក្នុងចំណោមកូនផ្សោតដែលបានកត់ត្រា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។
នៅឆ្នាំ ២០២២ ក្រុមអ្នកអភិរក្សបានកត់ត្រាកូនផ្សោតថ្មីបានចំនួន ០៦ក្បាល និងនៅឆ្នាំ ២០២១ បានកត់ត្រាកូនផ្សោតបានចំនួន ០៦ក្បាល ផងដែរ។ នេះគឺជាសញ្ញាវិជ្ជមាននៃកិច្ចការអភិរក្សសត្វផ្សោតទន្លេមេគង្គ ខណៈដែលពួកវាកំពុងជាប់ឈ្មោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាសត្វជិតផុតពូជ៕