
រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានដួលរលំ កាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា) ជុំវិញការខ្វែងគំនិតគ្នា «ដែលមិនអាចជម្នះបាន» លើការរកវិធីដោះស្រាយជាមួយជនអន្តោប្រវេសន៍ ខណៈដែលការបោះឆ្នោត រំពឹងថា នឹងកើតមានក្នុងខែវិច្ឆិកា។
លោក Rutte វ័យ ៥៦ឆ្នាំ ជាមេដឹកនាំ ដែលកាន់អំណាចយូរបំផុតរបស់ប្រទេសហូឡង់ និងជាអ្នកនយោបាយ ដែលមានបទពិសោធន៍ច្រើនបំផុតនៅអឺរ៉ុប បាននិយាយថា កិច្ចពិភាក្សាពីវិបត្តិជាច្រើនថ្ងៃ រវាងគណបក្សទាំង៤ មិនអាចឈានដល់ការបង្កើតកិច្ចព្រមព្រៀងមួយបាននោះឡើយ។
គណបក្សទាំងនោះ បានជំទាស់នឹងផែនការរបស់លោក Rutte ក្នុងការរឹតបន្តឹងទប់ស្កាត់លើការជួបជុំគ្នាឡើងវិញពីក្រុមគ្រួសាររបស់អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលជាការព្យាយាម ដើម្បីទប់ស្កាត់ចំនួនអន្តោប្រវេសន៍ បន្ទាប់ពីមានរឿងអាស្រូវកាលពីឆ្នាំកន្លងទៅ នៅមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ ដែលមានមនុស្សច្រើនលើសកំណត់។
លោក Rutte មេដឹកនាំគណបក្សស្តាំនិយមកណ្តាល VVD បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចចរចារបានបរាជ័យថា៖ «វាមិនមែនជារឿងត្រូវលាក់បាំងនោះទេ ដែលគណបក្សក្នុងរដ្ឋាភិបាលចម្រុះ មានទស្សនៈខុសគ្នាខ្លាំង លើគោលនយោបាយជនអន្តោប្រវេសន៍»។
ក្រោយមក រដ្ឋាភិបាលបានបញ្ជាក់ថា លោក Rutte បានបង្ហាញលិខិតនៃការលាលែងពីតំណែង ហើយនឹងចូលគាល់ព្រះមហាក្សត្រ Willem-Alexander នៅថ្ងៃសៅរ៍ (ទី៨ ខែកក្កដា) នេះ។
លោក Rutte បានសន្យាថា នឹងដោះស្រាយការធ្វើអន្តោប្រវេសន៍ បន្ទាប់ពីមានរឿងអាស្រូវនៃមជ្ឈមណ្ឌលរបស់ជនអន្តោប្រវេសន៍ កាលពីរដូវក្តៅមុន ដែលបណ្ដាលឲ្យទារកម្នាក់បាត់បង់ជីវិត ហើយមនុស្សរាប់រយនាក់ ត្រូវបានបង្ខំឲ្យសម្រាកនៅកណ្ដាលវាល។
រដ្ឋភិបាលចម្រុះនេះ គឺជាការរដ្ឋាភិបាលចម្រុះទី៤ របស់លោក Rutte ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១០។
ប៉ុន្តែរដ្ឋាភិបាលចុងក្រោយនេះ បានចាប់ផ្ដើមលេចរូបរាងជាផ្លូវការ ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីមានការចរចាររយៈពេលយ៉ាងយូរបំផុតរហូតដល់ ២៧១ថ្ងៃ ហើយមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លាំលើបញ្ហាជាច្រើន។ ពាក់ព័ន្ធនឹងការបោះឆ្នោតវិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសហូឡង់ បានឲ្យដឹងថា ការបោះឆ្នោតលឿនបំផុត អាចត្រូវបានធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកា៕