
សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា) ថា ខ្លួននឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលជាប្រភេទអាវុធ ត្រូវបានហាមឃាត់យ៉ាងទូលំទូលាយ ដើម្បីយកទៅប្រើក្នុងការវាយបករបស់ខ្លួនប្រឆាំងនឹងការកាន់កាប់ពីកងកម្លាំងរុស្ស៊ី ហើយមេដឹកនាំរបស់អង្គការណាតូ (NATO )បាននិយាយថា សម្ព័ន្ធមិត្តយោធានឹងរួបរួមគ្នានៅក្នុងកិច្ចប្រជុំ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីវិធី ក្នុងនាំអ៊ុយក្រែនឲ្យកាន់តែកៀកនឹងការចូលរួមជាមួយសម្ព័ន្ធភាព។
ក្រុមសិទ្ធិមនុស្ស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកជាសំណួរពីការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោនលើការផ្ដល់គ្រាប់បែកនេះ ដោយនេះជាផ្នែកមួយនៃកញ្ចប់ជំនួយសន្តិសុខចំនួន ៨០០លានដុល្លារ ដែលនាំឲ្យការផ្ដល់ជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកឡើងដល់ជាង ៤០ពាន់លានដុល្លារ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែលពណ៌នាជម្លោះនេះថា ជា «ប្រតិបត្តិការយោធាពិសេស» ដែលធ្វើឡើងដើម្បីការពារសន្តិសុខរុស្ស៊ីនោះ បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងប្រយុទ្ធនឹងសង្រ្គាមតំណាង ដែលកំពុងរីករាលដាល។
គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាង ១០០ តែរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខានោះទេលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ការប្រើប្រាស់ និងការផ្ទេរលើអាវុធប្រភេទនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពណ៌នាការសម្រេចចិត្តលើគ្រាប់បែកចង្កោមនេះថា វាជារឿងពិបាក ប៉ុន្តែបាននិយាយថា អ៊ុយក្រែនត្រូវការអាវុធនេះ។
សម្រាប់ការចង់ក្លាយជាសមាជិកភាពរបស់អង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានព្យាយាមបញ្ចុះបញ្ចូលប្រទេសនានាឲ្យឈរខាងខ្លួន ដោយបានទៅបំពេញទស្សនកិច្ចនៅប្រទេសផ្សេងៗជាបន្តបន្ទាប់ ដូចជាសាធារណរដ្ឋឆែក ស្លូវ៉ាគី និងទួរគី ពោលគឺមួយថ្ងៃបន្ទាប់ពីកិច្ចចរចា នៅប្រទេសប៊ុលហ្គារី ដើម្បីទទួលបានការគាំទ្រសម្រាប់សមាជិកភាពនេះឲ្យបានមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាព នៅថ្ងៃទី ១១-១២ ខែកក្កដា។
ហើយបន្ទាប់ពីជួបជាមួយលោក Zelenskiy ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាននិយាយថាអ៊ុយក្រែនសមនឹងទទួលបានសមាជិកភាពរបស់អង្គការណាតូ ហើយថា ទីក្រុងអង់ការ៉ា នឹងបន្តធ្វើការលើកិច្ចចរចាបញ្ចប់សង្គ្រាម។ ចំណែកឯអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Jens Stoltenberg បានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់លោកថា អ៊ុយក្រែននឹងក្លាយជាសមាជិកជាក់ជាមិនខាន៕