អុីស្រាអែល ៖▲ ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុងតេល អាវីវ(Tel Aviv) កាលពីថ្ងៃសៅរ៍ ៨ កក្កដា ដើម្បីតវ៉ាលើកទី២៧ មួយសប្តាហ៍ជាប់គ្នា ប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាបានចាប់ផ្តើមពិភាក្សាលើច្បាប់ដែលនឹងកំណត់អំណាចរបស់តុលាការកំពូល ដោយចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរផ្នែកតុលាការរងការប្រឆាំងយ៉ាងខ្លាំងក្លា ដែលបង្កឡើងដោយក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី បេន ចាមីន ណេតាន យ៉ាហ៊ូ(Benjamin Netanyahu) ។
សារព័ត៌មាន N12 News និង Channel 13 បានរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដោយមានការប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ធំជាងការតវ៉ានាពេលថ្មីៗនេះ។
អ្នកខ្លះបានដើរឆ្ពោះទៅផ្លូវធំនៃ ផ្លូវហាយវ៉ែ អាយ៉ាឡុង(Ayalon')របស់ ទីក្រុង Tel Aviv ហើយនគរបាល អ៊ីស្រាអែលបានរារាំងពួកគេ និងបានបាញ់ទឹកទៅលើក្រុមបាតុករនៅក្បែរផ្លូវ។
មនុស្សប្រហែល១៥០.០០០ នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Tel Aviv ដោយមានការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុង Jerusalem និងទីក្រុងសំខាន់ៗផ្សេងទៀត ផងដែរ ។ កាលពីល្ងាចថ្ងៃសៅរ៍ មនុស្សរាប់សិបនាក់បានព្យាយាមបិទផ្លូវហាយវ៉េដ៏សំខាន់របស់ទីក្រុង Tel Aviv ប៉ុន្តែពួកគេត្រូវបានកងកម្លាំងនគរបាលបោសសម្អាតភ្លាមៗ។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ហើយនគរបាលបានបាញ់កាំភ្លើងបាញ់ទឹកទៅលើហ្វូងមនុស្ស។
ផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញឲ្យមានការធ្វើកំណែទម្រង់នៅសប្តាហ៍ក្រោយនៅក្នុងសភា រួមទាំង ការបណ្តេញស្នងការនគរបាលក្រុង Tel Aviv ដែលត្រូវបានចោទប្រកាន់ថាមានការអាណិតអាសូរដល់ក្រុមបាតុករខ្លាំងពេកនោះ ប្រៀបបាននឹងការផ្ដល់ដង្ហើមជីវិតថ្មីនៅក្នុងបាតុកម្មកាលពីថ្ងៃសៅរ៍៕

