ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅដង្ហែក្បួនឃោសនារកសម្លេងឆ្នោតជាលើកទី២ មានសមាជិក សមាជិកា ចូលរួម២,៥០០នាក់។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើពិធីជួបជុំ និងដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ការជួបជុំនេះ មានការចូលរួមពីសមាជិក សមាជិកា ចំនួន ២,៥០០នាក់ រថយន្តតូចធំ ចំនួន ១៥គ្រឿង និងម៉ូតូ ម៉ូតូកង់បី ចំនួន ៩០០គ្រឿង និងគ្រឿងបំពងសម្លេងតាមរថយន្ត និងម៉ូតូ។ ក្រោយពីឯកឧត្ដម ឃួង ស្រេង ឡើងអានសេចក្តីថ្លែងការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួច ក្បួនក៏បានដង្ហែចេញពីមុខបុរីភូមិសំរោងឆ្ពោះតាមផ្លូវជាតិលេខ៥ និងចូលតាមភូមិនានាក្នុងមូលដ្ឋាននោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់អោយដឹងហើយថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕ ដោយ ៖ ប្រាក់ វ៉ាន់ដា













