ទួរគី ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy)បានទទួលស្វាគមន៍អតីតក្រុមមេបញ្ជាការចំនួន៥នាក់របស់អ៊ុយក្រែននៅក្នុងទីក្រុង ម៉ារីអូប៉ូល (Mariupol) ពីប្រទេសទួរគី កាលពីថ្ងៃសៅរ៍ ទី៨កក្កដា ជាសមិទ្ធផលជានិមិត្តរូបដ៏ធំធេងដែល រុស្ស៊ី និយាយថា បានបំពានកិច្ចព្រមព្រៀងដោះដូរអ្នកទោសកាលពីឆ្នាំមុន។
លោក Zelenskiy ពុំបានបកស្រាយពីមូលហេតុដែលក្រុមមេបញ្ជាការទាំងនោះ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតររបស់ពួកគេនៅពេលនេះទេ ។ ប្រធានក្រុមទំនាក់ទំនងរបស់ប្រទេសទួរគី ពុំបានឆ្លើយតបភ្លាមៗទេសម្រាប់សំណើសុំការអត្ថាធិប្បាយ។
ពិធីទទួលស្វាគមន៍ទាហាននេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ល្វីវ (Lviv) ជាទីដែលលោក Zelenskiy បានថ្លែងសុន្ទរកថា លើកសរសើរកងទ័ពទាំងនោះថាជាវីរៈបុរសរបស់ជាតិ។
គួររម្លឹកថា ក្រុមអ្នកការពារជាតិទាំងនោះ បានជាប់ក្នុងរូងក្រោមដី នៃរោងចក្រដែកថែប អាហ្សូវស្តល (Azovstal) រហូតពួកគេទទួលបញ្ជាពីទីក្រុងគីវ ឲ្យប្រគល់ខ្លួនឲ្យកងកម្លាំងរុស្ស៊ី កាលពីខែឧសភា ឆ្នាំមុន។
ប្រទេសរុស្ស៊ី បានដោះលែងពួកគេមួយចំនួនប៉ុន្មានខែក្រោយមក ក្នុងការដោះដូរអ្នកទោស ដែលសម្រសម្រួលដោយទួរគី ក្រោមកិច្ចព្រមព្រៀងដែលបានតម្រូវឲ្យក្រុមមេបញ្ជាការទាំងនោះ នៅក្នុងប្រទេសទួរគី រហូតដល់ចប់សង្រ្គាម៕

