ស៊ូដង់ ៖ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាគូប្រជែងបានបន្តនៅក្នុងរដ្ឋធានីខាទូម(Khartoum) និងតំបន់ជុំវិញកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសស៊ូដង់ មនុស្ស ២២ នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសនៅឯទីក្រុង អូមដួម៉ាន់ (Omdurman) តែមួយគត់។
ជម្លោះរវាងភាគីទាំងពីរនាពេលថ្មីៗនេះបានកក្រើកឡើងខ្លាំងនៅ Omdurman ក្បែររដ្ឋធានីខាទូម។
គោលដៅយោធាសំខាន់ៗដូចជា មូលដ្ឋានទ័ពអាកាស ទីបញ្ជាការកងវិស្វកម្ម និងទីបញ្ជាការកងកម្លាំងបម្រុងកណ្តាលនៃកងទ័ពស៊ូដង់ដែលស្ថិតនៅក្នុងទីក្រុងនេះ។
ទីក្រុងនេះក៏ជាមូលដ្ឋានផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ RSF ដើម្បីផ្ទេរកងទ័ព និងសព្វាវុធពីតំបន់ ដាហ្វួ ( Darfur) នៅភាគខាងលិចប្រទេសស៊ូដង់ ទៅកាន់តំបន់ជុំវិញនៃរដ្ឋធានីនេះ ផងដែរ។
ចាប់តាំងពីដើមខែកក្កដាមក កងទ័ពស៊ូដង់បានប្រមូលផ្តុំកងកម្លាំងពិសេសដើម្បីបើកប្រតិបត្តិការទ្រង់ទ្រាយធំនៅទីក្រុង Omdurman ដោយមានបំណងបោសសម្អាតទាហាន RSF ចេញពីតំបន់នេះ ប៉ុន្តែការតស៊ូដ៏ខ្លាំងក្លារបស់ភាគី ក្រោយមកបានអូសភាគីទាំងពីរចូលទៅក្នុងសមរភូមិដ៏មហន្តរាយ ក្នុងតំបន់ជាច្រើន។
កាលពីថ្ងៃសៅរ៍ ភាគីទាំងពីរបានប៉ះទង្គិចគ្នានៅអគារទូរទស្សន៍រដ្ឋនៅភាគខាងកើតក្រុង Omdurman និងស្ពាន Halfaya ដែលតភ្ជាប់ភាគខាងជើងរដ្ឋធានី Khartoum និងទីក្រុង Omdurman៕

