ញូដេលី ៖ ភ្លៀងធ្លាក់ខ្លាំងបានស្រោចស្រពទីក្រុង ញូដេលី (New Delhi) កាលពីថ្ងៃសៅរ៍ទី៨ កក្កដា ហើយបានបណ្តាលឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យរដ្ឋធានីរបស់ប្រទេសឥណ្ឌាមានការជាប់គាំង ខណៈដែលមនុស្សពិបាកធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ ស្របពេលមានការស្ទះចរាចរណ៍។
ផ្លូវនានាក្នុងផ្នែកជាច្រើននៃទីក្រុង New Delhi ត្រូវបានលិចក្រោមទឹកដោយមានមនុស្សដើរឆ្លងកាត់តំបន់ដែលលិចទឹក ឬជាប់គាំងក្នុងចរាចរណ៍មុនពេលទៅដល់កន្លែងធ្វើការរបស់ពួកគេ។
មន្ត្រីនាយកដ្ឋានឧតុនិយមប្រទេសឥណ្ឌាបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងមួយឬពីរមេ ទៀតត្រូវបានគេរំពឹងទុកនៅល្ងាចនេះ។
ប្រទេសឥណ្ឌាដែលមានប្រជាជនប្រហែល ១,៣ ពាន់លាននាក់ ពឹងផ្អែកលើទឹកភ្លៀងដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្លួន ដែលភាគច្រើនរស់នៅ និងពឹងផ្អែកលើការធ្វើកសិកម្ម។ ទោះជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំងពេកអាចបណ្តាលឲ្យមានទឹកជំនន់ និងការលិចទឹក ជាពិសេសដោយសារតែប្រព័ន្ធបង្ហូរទឹកមិនល្អ៕

