ថៃ៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃរាយការណ៍ករណីឆ្លងថ្មីនៃជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានទាល់តែសោះរហូតដល់ចំនួន ៩,៦៣៥នាក់រួមទាំងការឆ្លងចំនួន ៦,៨៥៣នាក់ក្នុងចំណោមអ្នកទោសពីការឆ្លងជាក្រុមនៅពន្ធនាគារ ខណៈប្រទេសនេះព្យាយាមទប់ទល់នឹងរលកឆ្លងទី៣។
ករណីឆ្លងទាំងនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសនេះកើនឡើងដល់ ១១១,០៨២នាក់។ ក្រុមទទួលបន្ទុកវិបត្តិជំងឺ COVID-19 របស់ថៃក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ២៥នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបទូទាំងប្រទេសនេះបានឡើងដល់ ៦១៤នាក់ចាប់តាំងពីជំងឺរាតត្បាតសកលចាប់ផ្ដើមផ្ទុះកាលពីឆ្នាំមុន។ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ២លាន ២សែនដូសដល់ក្រុមបុគ្គលិកជួរមុខ និងក្រុមមនុស្សដែលប្រឈមហានិភ័យខ្ពស់ដោយប្រើវ៉ាក់សាំងនាំចូល Sinovac Biotech របស់ប្រទេសចិន និង Astra Zeneca របស់ចក្រភពអង់គ្លេស៕
អត្ថបទ៖ សុខមាន