ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា ប្រមាណ៣,០០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត លើកទី២ ជុំវិញមូលដ្ឋានសង្កាត់ទាំង៦ ក៏មានការចូលរួមពីលោក ម៉ូវ ម៉ានិត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខផងដែរ។
ក្នុងថ្ងៃទី៩ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា យុទ្ធនាការនាថ្ងៃនេះ ប្រារព្ធឡើងតាមផែនការរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លើកទី២ ក្នុងក្របខណ្ឌ របស់ខណ្ឌសែនសុខ ហើយក៏សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា បានចូលរួមគាំទ្រច្រើនលើសលប់ ដោយសារគាត់គោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ជាពិសេសគោរពស្រលាញ់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេច បានដឹកនាំនាវាកម្ពុជាប្រកបដោយសុខសន្តិភាព បងប្អូនប្រជាជន រកទទួលទានមានបាន ហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ កូនចៅបានសិក្សារៀនសូត្របានចប់ចុង ចប់ដើម។ ជាមួយគ្នានោះ ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ ខិតខំធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានភាពសប្បាយរីករាយ និងកាន់តែជ្រួតជ្រាបអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច និងទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា សកម្មភាពថ្ងៃនេះ នៅបន្តធ្វើចុះទៅតាមខ្នងផ្ទះ និងអប់រំផ្សព្វផ្សាយអំពីគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) ជាហូរហែដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីគ្របដណ្តប់អស់ប្រជាជនក្នុងមូលដ្ឋានភូមិ សង្កាត់ ខណ្ឌ។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕ អត្ថបទ៖ រដ្ឋា



























