ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលអនាគត បានថ្លែងអះអាងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដែលគិតអំពីអ្នកមាន អ្នកមធ្យម និងអ្នកក្រ ដូចការលាបពណ៌របស់ជនមួយចំនួនតូចនោះឡើយ ខណៈគោលនយោបាយបក្សប្រជាជន ឬរាជរដ្ឋាភិបាលមានតែខិតខំពង្រឹង ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែ រីកចម្រើនបន្ថែមទៀតតាំងពីដើមរហូតមក។
តាមរយៈវិដេអូឃ្លីជាង ៦នាទី ដែលបានបង្ហោះលើបណ្តាញសង្គមតេលេក្រាម និងហ្វេសបុកនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពុំដែលគិតអំពីវណ្ណៈនោះទេ ពោលគឺគិតបងប្អូនប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែ មួយជាពិសេសអ្នកដែលមានជីវភាពក្រីក្រ គឺត្រូវបានគិតគួរច្រើនជាងគេ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ក្លាយទៅជាអ្នកមានជីវភាពមធ្យម ឬក្លាយទៅជាអ្នកមានធូរធារនៅក្នុងសង្គម។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍន៍ ប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត កាត់បន្ថយភាពក្រីក្រ គឺកាត់បន្ថយអត្រាអ្នកក្រីក្រ មានន័យថាជួយអ្នកក្រីក្រឲ្យចេញពីចំណាត់ថ្នាក់ ដែលគេចាត់ទុកថាជាអ្នកក្រីក្រនោះ ធ្វើយ៉ាងណាឲ្យចំណូលរបស់ពួកគាត់កាន់តែច្រើនឲ្យកូនគាត់ ឬចៅគាត់មានឱកាសកាន់តែល្អ ហ្នឹងហើយដែលរាជរដ្ឋាភិបាលត្រូវជួយ និងត្រូវយកចិត្តទុកដាក់គ្រប់កាលៈទេសៈទាំងអស់នោះ។
តាមរយៈវិដេអូឃ្លីបដដែលនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា អ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយមិនត្រូវស្អប់គ្នាទេ ត្រូវយកអាសាគ្នាទៅវិញទៅមក ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយគណបក្សប្រជាជនកម្ពុជា ផ្តោតលើគោលនយោបាយក្នុងការជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួម ដើម្បីឱ្យខ្មែរយើងខ្លាំង និងរីកចម្រើន៕ អត្ថបទ៖ បាន ចក់
សូមស្ដាប់ប្រសាសន៍ឯកឧត្ដម ហ៊ុន ម៉ាណែតតាមរយៈLink https://t.me/btvnewscambodia/103751
