ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ប្រជានុរាស្រ្ត ក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ។
ក្នុងឱកាសដឹកនាំសមាជិក-សមាជិកាបក្សជាងមួយពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានលើកឡើងថា ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាន់ តែខិតជិតមកដល់ហើយនោះបងប្អូនជាសមាជិក-សមាជិកាបក្សទាំងអស់ គប្បីទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា និងកុំស្តាប់តាមការលើកឡើងរបស់បុគ្គលណាដែលមិនចង់ឲ្យបងប្អូនទៅចូលរួមបោះ ឆ្នោតនោះឲ្យសោះ ខណៈការលើកឡើងពីជនទាំងនោះវាគឺជាការខុសច្បាប់។
នៅក្នុងឱកាសដឹកនាំដង្ហែក្បួននោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិចក៏បានរំលឹកអំពីគោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ដល់សមាជិកបក្ស បន្ថែមទៀតផងដែរ ដោយព្រះអង្គម្ចាស់លើកឡើងថា គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសន្យាប្តូរផ្តាច់ថែរក្សា ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានាដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាព្រំដែន, ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែងអ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជារាស្រ្តដែលមិន មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សាអំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យនៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។
ដោយឡែកគ.ជ.ប.បានប្រកាសថា ក្នុងរយៈពេល៩ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានា បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេ ខណៈគណបក្សនយោបាយទាំងអស់បានធ្វើឡើង ស្របទៅតាមច្បាប់របស់គ.ជ.ប.៕អត្ថបទ៖ បាន ចក់







