ភ្នំពេញ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសណ្តោងទូរកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ មួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់ចំនួន ៤ កង់ ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត សណ្តោងទូរកុងតឺន័រមួយគ្រឿង ម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ3C-0635 ជារថយន្តរបស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្គូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបែកខ្ទាតចេញពីជួរ ចំនួន៤កង់ ចំណែករថយន្តបណ្ដាលឱ្យរងការខូចខាតដាច់កង់មុខទាំងពី រួមទាំងផ្នែកខាងមុខទៀតស្ទើតែទាំងស្រុង នៅកណ្ដាលផ្លូវបង្កការកកស្ទះចរាចរណ៍ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ បន្ទាប់ មក តៃកុងរថយន្តបានចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ចំណុចកើតហេតុ ជួយសម្រួលចរាចរណ៍ រួចធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕
អត្ថបទ ៖ កុម្ភះ



