អង់គ្លេស៖ នគរបាល បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ថា ពេលនេះ ក្មេងស្រីទី២ម្នាក់ទៀត អាយុ ៨ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីមានហេតុណ៍ការណ៍រថយន្តមួយ បានបុកចូលអគារ នៅឯសាលាបឋមសិក្សា នៅភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា)។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សិស្សានុសិស្ស បានរៀបចំពិធីជប់លៀងពិសាតែបញ្ចប់ឆមាសជាមួយឪពុកម្តាយ និងគ្រូបង្រៀន ក្នុងសួនច្បាររបស់សាលារៀនត្រៀម (Study Prep School) នៅសង្កាត់ Wimbledon ដែលមានចម្ងាយមិនដល់ ១ម៉ាយល៍ (ជាង ១,៦០៩គីឡូម៉ែត្រ) ពីកន្លែងនៃការប្រកួតកីឡាវាយកូនបាល់ដែលកំពុងតែប្រព្រឹត្តទៅ។
នគរបាលបាននិយាយថា អ្នកបើកបររថយន្ត ភេទស្រីវ័យ ៤៦ឆ្នាំ ដែលជាអ្នករស់នៅតំបន់នោះ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ពីបទសង្ស័យថា បង្កហេតុឲ្យមានមនុស្សបាត់បង់ជីវិត ដោយសារការបើកបរប្រកបដោយគ្រោះថ្នាក់ តែនគរបាល បានបញ្ជាក់បន្ថែម នៅថ្ងៃព្រហស្បតិ៍នោះថា ឧបទ្ទវហេតុនេះ មិនមាន«ពាក់ព័ន្ធនឹងភេរវកម្មនោះទេ»។

ពេលកើតហេតុភ្លាមៗ នោះថ្ងៃព្រហស្បតិ៍នោះ កុមារី Selena Lau ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសាររបួសរបស់ក្មេងស្រីនោះ ហើយនគរបាលបាននិយាយថា ក្មេងស្រីទី២ ដែលមានឈ្មោះថា Nuria Sajjad បានស្លាប់ កាលពីថ្ងៃអាទិត្យ។
គ្រួសាររបស់ក្មេងស្រីបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងស្រីនេះ តំណាងឲ្យក្តីរីករាយ ចិត្តល្អ និងក្ដីសប្បុរស ហើយនាងទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួននាងគ្រប់គ្នា៕
