កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានរិះគន់ជាអ្វីដែលខ្លួនចាត់ទុកថាជាចំណាត់ការមួយធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្ហាញនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរមកកាន់ដែនទឹក នៅជិតឧបទ្វិបកូរ៉េ ដោយនិយាយថា វានឹងបង្កើតស្ថានភាពមួយដែលនាំយកមកនូវជម្លោះនុយក្លេអ៊ែរខិតកាន់តែជិតការពិត។

អ្នកនាំពាក្យក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌ផ្លូវការ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានអះអាងថា យន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបំពានដែនអកាសរបស់ខ្លួន នៅជិតឆ្នេរភាគខាងកើត។
អ្នកនាំពាក្យនិយាយថា គ្មានការធានាទេថា ឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលនៅកន្លែងដែលយន្តហោះឈ្លបយកការណ៍ជាយុទ្ធសាស្ត្ររបស់កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើសមុទ្រខាងកើត នឹងមិនកើតឡើងនោះទេ។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា មានឧបទ្ទវហេតុកាលពីពេលមុនៗ នៃការបាញ់ទម្លាក់ឬស្ទាក់ចាប់យន្តហោះអាមេរិក របស់ប្រទេសកូរ៉េខាងជើង នៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅជិតឆ្នេរ។ ប្រទេសកូរ៉េខាងជើងតែងតែត្អូញត្អែរអំពីយន្តហោះឈ្លបយកការណ៍របស់អាមេរិក នៅជិតឧបទ្វិបនេះ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ចំណាត់ការដោយសហរដ្ឋអាមេរិក ដើម្បីណែនាំអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមកកាន់ឧបទ្វិបកូរ៉េ គឺជាការគំរាមនុយក្លេអ៊ែរពិតប្រាកដប្រឆាំងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ និងបង្ហាញពីការគំរាមដ៏ខ្លាំងក្លាចំពោះសន្តិភាព។
នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន៕
