កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ២១១នាក់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងពិធីសំណេះសំណាលនេះដែរ អង្គពិធីបានសាកល្បងការគូសសន្លឹកឆ្នោតបានយ៉ាងត្រឹមត្រូវ និងបានធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង "ចិត្តស្មោះ បោះឆ្នោតជូនទេវតា"។
ជាមួយគ្នានេះដែរ អង្គពិធីគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ស្រឡាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា។
លើសពីនេះទៀត ឯកឧត្តម វេង សាខុន ក៏បានណែនាំដល់ក្រុមអ្នកសង្កេតការពិនិត្យតាមដានការរាប់សន្លឹកឆ្នោត សន្លឹកឆ្នោតបានការ ព្រមទាំងជំរុញដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ហើយក្នុងនោះដែរ សកម្មជនបក្សត្រូវណែនាំសមាជិក ចាំបាច់ត្រូវយកឯកសារអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោត ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានចំនួន ៧ ៤៧៥ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ២៤ ៧៧២នាក់ ស្មើ ៤១%៕



















