អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃប៉ែកខាងជើងនៃរដ្ឋញូវយ៉ក (New York) សហរដ្ឋអាមេរិក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ទូទាំងតំបន់ រហូតដល់នាំឲ្យមានការជួយសង្គ្រោះដល់អ្នកបើកបរជាច្រើននាក់ ដែលជាប់នៅលើផ្លូវនោះទៅណាមិនរួច កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា)។

ទឹកជំនន់ភ្លាមៗ បានជន់លិចទីប្រជុំជន និងភូមិនានា នៅតាមបណ្តាផ្នែកជាច្រើននៃរដ្ឋរបស់សហរដ្ឋអាមេរិកមួយនេះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ខណៈដែលក្រុមមន្ត្រី បានជំរុញឲ្យអ្នកបើកបរឲ្យចៀសវាងពីការបើកបរលើដងផ្លូវនានា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យនគរបាលរដ្ឋញូវយ៉ក បានបញ្ជាក់ថា មានអ្នកបើកបរជាច្រើន ដែលជាប់នៅផ្លូវនៅសង្កាត់រ៉កឡែន (Rockland) ខណៈដែលក្រុមមន្ត្រីបានផ្តល់នូវរូបថតរថយន្ត ដែលលិចទឹក ឬដែលព្យាយាមបើកបរឆ្លងកាត់ទឹកជំនន់ដ៏ធំនោះ។

អ្នកនាំពាក្យម្នាក់ បាននិយាយថា៖ «នគរបាលរដ្ឋ រួមជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ និងបុគ្គលិកសេវាសង្គ្រោះបន្ទាន់ (EMS) កំពុងប្រើប្រាស់បុគ្គលិក និងឧបករណ៍ ដើម្បីជួយអ្នកបើកបររថយន្តទាំងនេះ និងនាំពួកគេទៅកាន់សុវត្ថិភាពឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
សេវាអាកាសធាតុជាតិ សម្រាប់តំបន់រថភ្លើងក្រោមដីក្រុងញូវយ៉ក បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា អង្គភាពបានទទួលរបាយការណ៍ជាច្រើនពី «ទឹកជំនន់ធំ និងមនុស្សដែលជាប់នៅក្នុងយានយន្ត» នៅតំបន់ Orange County ភាគខាងកើត ជាពិសេសនៅតាមបណ្តោយផ្លូវ 9W។
ការសង្គ្រោះគ្រាអាន្ន និងការព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ ត្រូវបានចេញដោយសេវាអាកាសធាតុជាតិ នៅទូទាំងផ្នែកនៃតំបន់ Westchester County, Rockland, Putnam និង Orange រហូតដល់ល្ងាចថ្ងៃអាទិត្យ ខណៈដែលកត្តាធម្មជាតិ បានបន្តឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Fox Weather បានឲ្យដឹងថា ប្រជាជនជិត ៥៣លាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ប្រឈមនឹងហានិភ័យនៃគ្រោះទឹកជំនន់ រហូតដល់ព្រឹកថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ៕
