ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំមហាសន្និបាត លើកទី៤២ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអាណត្ដិថ្មី និងពិនិត្យវឌ្ឍនភាពការងារកីឡាក្នុងតំបន់អាស៊ី ក្នុងនោះភាពជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ក៏បានក្លាយជាប្រធានបទសំខាន់មួយ ក្នុងមហាសន្និបាតប្រចាំឆ្នាំនេះផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានដឹកនាំប្រតិភូកម្ពុជា ចូលរួមមហាសន្និបាតនេះ បានមានប្រសាសន៍ថា អង្គមហាសន្និបាត ពិសេសបណ្ដាថ្នាក់ដឹកនាំចលនាអូឡាំពិកសមាជិកអាស៊ី បានលើកសរសើរពីគុណតម្លៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តាមរយៈការបានរំលេចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ក្នុងសៀវភៅប្រចាំខែរបស់ខ្លួន ដូចជាការដាក់សកម្មភាពក្រោមដំណក់ភ្លៀងរបស់កីឡាការិនីអត្តពលកម្ម បូ សំណាង នៅទំព័រមុខ និងនិយាយពីដំណើរការប្រកួត ក៏ដូចជាភាពជោគជ័យ ក្នុងការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាជាដើម ។
ជាមួយការការចែកចាយសកម្មភាពទាំងនេះ ដល់បណ្ដាប្រទេសមាជិក នាំឲ្យគេមើលឃើញសក្ដានុពលកីឡារបស់កម្ពុជា និងធ្វើឲ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីស៊ីហ្គេមរបស់ខ្លួន ដែលថ្នាក់ដឹកនាំចលនាអូឡាំពិកអាស៊ីទាំងអស់គ្នា បានអបអរសាទរ ចំពោះស៊ីហ្គេមរបស់កម្ពុជា ហើយបានផ្ដល់តម្លៃខ្ពស់ ចំពោះការរៀបចំដ៏ជោគជ័យរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ។ គេជឿជាក់ថា កម្ពុជានឹងមានការរីកចម្រើនជាងនេះ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាធំៗនាពេលខាងមុខទៀត ។
គួរដឹងថា មហាសន្និបាត OCA លើកទី៤២ នៅទីក្រុងបាងកក បានរៀបចំកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសរើសប្រធានថ្មី គឺមានបេក្ខភាពឈរឈ្មោះប្រកួតប្រជែង ២រូប រួមមានព្រះអង្គម្ចាស់ Sheikh Talal Fahad Al-Sabah និងលោក Husain Al-Musallam ។ ជាលទ្ធផល គឺព្រះអង្គម្ចាស់ Sheikh Talal Fahad Al-Sabah ដែលជាប្អូនរបស់អតីតប្រធាន OCA មុន គឺព្រះអង្គម្ចាស់ Sheikh Ahmad Fahad Al-Sabah បានជាប់ឆ្នោតធ្វើជាប្រធាន OCA ថ្មី ក្រោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ២៤សម្លេង ក្នុងចំណោម ៤៤សម្លេង ខណៈគូប្រជែងលោក Husain ទទួលបានសម្លេងគាំទ្រ ២០សម្លេងប៉ុណ្ណោះ ៕ អត្ថបទ លី ឈុនឡា








