ហៃទី៖ ប្រជាជនហៃទីរាប់ពាន់នាក់ បានដើរដង្ហែតាមផ្លូវនៃទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ដើម្បីអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជន និងវិបត្តិមនុស្សធម៌ ដែលកំពុងវាយលុកប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីព (Caribbean) មួយនេះ។
ការហែក្បួនដែលមានឈ្មោះថា «Relief for Haiti» (ស្ដារស្ថានភាពប្រទេសហៃទីឡើងវិញ) ត្រូវបានអំពាវនាវដោយគ្រូគង្វាលនៃព្រះវិហារ Tabernacle of Glory លោក Gregory Toussaint ហើយក៏ត្រូវបានធ្វើឡើងនៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសបារាំងផងដែរ។
យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្រុមអន្ធពាលប្រដាប់ដោយអាវុធដ៏ធំ បានពង្រីកបណ្ដាញរបស់ខ្លួន ហើយឥឡូវនេះ បានគ្រប់គ្រងសហគមន៍ជាច្រើន ដែលរួមចំនួនមនុស្សមានប្រហែល ២លាននាក់ ដោយភាគច្រើនជាស្ត្រី និងកុមារប្រឈមនឹងការសម្លាប់ដ៏ព្រៃផ្សៃ និងអំពើហិង្សាផ្លូវភេទ ដែលកើតឡើងជារៀងរាល់ថ្ងៃ។
អំពើទាំងនេះ បានជំរុញឲ្យកើតមានវិបត្តិមនុស្សធម៌ ដែលទីភ្នាក់ងារនេះជឿថា បាននាំឲ្យមនុស្សជាង ១៦៥.០០០នាក់ ភៀសខ្លួននៅ ក្នុងប្រទេស៕


