ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងបានជំរុញឲ្យអាជ្ញាធរ បញ្ជាឲ្យពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅកោះ Kyushu ភាគនិរតី ប្រទេសជប៉ុន។
បណ្តាញផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំ បានស្លាប់ នៅពេលដែលបំណាក់ដី បានគ្របលើលំនៅឋានរបស់គាត់ក្នុងខេត្ត Fukuoka ។ សារព័ត៌មាន NHK បាននិយាយថា មនុស្ស៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដី បានបាក់គ្របលំនៅឋាន២ខ្នង នៅក្នុងខេត្ត Saga ។ ការព្រមានកម្រិតខ្ពស់បំផុត សម្រាប់ភ្លៀងធ្លាក់ខ្លាំង ត្រូវបានចេញនៅក្នុងផ្នែកជាច្រើនរបស់ខេត្ត Fukuoka និងខេត្ត Oita។
លោក Satoshi Sugimoto នាយកអង្គភាពព្យាករណ៍នៅទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា ទឹកភ្លៀងធ្លាក់កម្រិតរហូតដល់២០០មីលីម៉ែត្របន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅកោះ Kyushu ភាគខាងជើង រហូតដល់ព្រឹកថ្ងៃអង្គារ។

