
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ពង្រីកទីផ្សារអង្ករនៅប្រទេសចិន ខណៈចិនជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំជាមួយតំណាងក្រុមហ៊ុន Alibaba កញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុនអាលីបាបា (Alibaba) ដើម្បីពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជានៅអាលីបាបា និងទីផ្សារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ។ នេះបើតាមលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
លោក លន់ យ៉េង លើកឡើងនៅថ្ងៃទីចន្ទនេះថា ភាគីទាំងពីរ សម្រេចថា នឹងពិនិត្យការងាររួមគ្នា លើការជំរុញ ផ្សព្វផ្សាយឱុ្យបានកាន់តែទូលំទូលាយ លើប្រភេទអង្កររបស់កម្ពុជា ឱ្យមានការចាប់អារម្មណ៍នៅប្រទេសចិន។
លោកអគ្គលេខាធិការ បន្តថា តាមរយៈការពិភាក្សាគ្នានេះ ភាគីទាំងពីរ ក៏នឹងពិនិត្យលើការធ្វើផ្សព្វផ្សាយរួមគ្នានាពេលខាងមុខ និងភាគីនាំចូលអង្កររបស់កម្ពុជា នៅប្រទេសចិន ទាក់ទងនឹងការស្តុងអង្ករផ្គត់ផ្គង់នៅប្រទេសចិន។
បច្ចុប្បន្ន កម្ពុជានាំចេញអង្ករទៅប្រទេសចិន ក្រោមកូតា៤០ម៉ឺនតោន។ ក្រៅពីអង្ករ កម្ពុជា ក៏នាំចេញផងដែរ នូវកសិផលច្រើនមុខទៀត ដូចជា ស្វាយស្រស់ ចេកស្រស់ ដំឡូងមីចំណិត ផ្លែមៀនប៉ៃលិន ជាដើម។
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅឆមាសទី១ នៃឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០ភាគរយ នៃផែនការ ៧០ម៉ឺនតោន ពោលគឺសម្រេចបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ វណ្ណៈ