ការតាមប្រម៉ាញ់ជនសង្ស័យ បានធ្វើឡើង ក្រោយពេលដែលមនុស្ស ៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ អំឡុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅក្លិបរាត្រីមួយកន្លែងស្ថិតនៅទីក្រុង Cleveland សហរដ្ឋអាមេរិក ។

ក្រុមនគរបាលនិយាយថា ព័ត៌មានបឋមកាលពីថ្ងៃអាទិត្យ បានបង្ហាញថា មានមនុស្សម្នាក់ បានបាញ់ស្រោចដោយឥតញញើតដៃលើហ្វូងមនុស្សនៅសង្កាត់ Warehouseកាលពីវេលាមុនម៉ោង ២ និង ៣០នាទីយប់រំលងអាធ្រាត្រ ត្រូវនឹងម៉ោង ៦ និង៣០នាទីម៉ោងសកល ពេលដែលគេបិទក្លិបរាត្រី ។ ក្រោយមក ជង្ស័យ បានរត់គេចចេញពីន្លែងកើតហេតុដោយសុវត្ថិភាព ។
ស្នងការនគរបាលក្រុង Cleveland លោក Wayne Drummondនិយាយថា បុរស ៧នាក់ និងស្រ្តី ២នាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ ៣៨ឆ្នាំ បានរងរបួស ក្នុងហេតុការណ៍បាញ់បោះសេរីនេះ ។

លោកបន្តថា មនុស្សម្នាក់ក្នុងចំណោមបុរសទាំង ៧នាក់ បានរងរបួសធ្ងន់ ខណៈដែលអ្នកផ្សេងទៀត រងរបួសស្រាល ។
លោក Drummond បានបញ្ជាក់ថា ខ្មាន់កាំភ្លើង បាននៅតែហ៊ានបាញ់ស្រោចទៅលើហ្វូងមនុស្ស បើទោះបីជាមានវត្តមានរបស់ក្រុមមន្រ្តីនគរបាលនៅក្បែរនោះក៏ដោយ ហើយសូម្បីតែក្រុមមន្រ្តីជាង ២ពាន់នាក់ ក៏មិនអាចបញ្ឈប់ឧបទ្ទេវហតុបាញ់ប្រហារនេះ ពីការកើតឡើងនោះដែរ ។
នៅពុំទាន់មានការចាប់ខ្លួនណាមួយ ត្រូវបានរាយការណ៍ភ្លាមៗនោះទេ ។ ជនសង្ស័យម្នាក់ ត្រូវបានគេកំពុងតាមរកចាប់ខ្លួន ហើយក្រុមអ្នកស៊ើបអង្កេត កំពុងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះ ។
ខណៈពេលនោះដែរ អភិបាលក្រុង Cleveland លោក Justin Bibb បានចាត់ទុកករណីបាញ់ប្រហារនេះថា ជាថ្ងៃដ៏សោកនាដកម្ម និងក្រៀមក្រំបំផុត ដែលបង្ហាញពីបញ្ហាអាវុធទ្រង់ទ្រាយធំ ដែលពួកយើងមាន មិនថានៅទីក្រុង Cleveland មិនថានៅរដ្ឋ Ohio នោះទេ ប៉ុន្តែនៅទូទាំងសហរដ្ឋអាមេរិកតែម្តង ។
លោក Bibbបានអំពាវនាដល់រដ្ឋ និងក្រុមនិយ័តករសហរដ្ឋអាមេរិក មេត្តាផ្តល់ជូនក្រុមមេដឹកនាំទីក្រុងនូវសម្ភារៈបន្ថែមទៀត ដើម្បីចាត់វិធានបោសសម្អាត ក៏ដូចជាលុបបំបាត់ចោលការរីកសាយភាយអាវុធ ៕
