យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា មនុស្ស៦នាក់បានស្លាប់ និងមនុស្សម្នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ដេញចាក់នៅសាលាមតេយ្យសិក្សានៅតំបន់ភាគខាងត្បូង ប្រទេសចិន ។

ក្មេងៗ ៣នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍វាយប្រហារនេះ ដែលបានកើតឡើងនៅក្នុងទីក្រុង លានជាំង ខេត្ត ក្វាងទុង ។
អ្នកនាំពាក្យស្រ្តីរបស់រដ្ឋបានក្រុងលានជាំង បាននិយាយថា ជនរងគ្រោះរួមមានទាំង គ្រូបង្រៀនម្នាក់ ឪពុកម្តាយ ២នាក់ និងកូនសិស្ស ៣នាក់ ហើយជនសង្ស័យ ត្រូវបានចាប់ខ្លួនផងដែរ ។

ក្រុមនគរបាល និយាយថា ពួកគេបានចាប់ខ្លួនបុរសវ័យ ២៥ឆ្នាំម្នាក់ ដែលមានគោត្តនាម អ៊ូ ហើយការវាយប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃចន្ទនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តី ពុំបានប្រកាសឲ្យដឹងពីរឿងរ៉ាវលម្អិតពីអត្តសញ្ញាណរបស់ជនសង្ស័យនោះឡើយ ហើយសូម្បីតែអាវុធដែលគាត់ប្រើប្រាស់ ក៏ពួកគេពុំបានទម្លាយឲ្យដឹងនោះដែរ ។
ដោយឡែក BBCបានរាយការណ៍ពីឧបទ្ទវហេតុដែលបានកើតឡើងផងដែរ ដោយលើកឡើងពីប្រភពរបស់ក្រុមនគរបាលក្នុងស្រុក ៕

