កណ្ដាល៖ បណ្តាមេឃុំ និងចៅសង្កាត់ បានអំពាវនាវឲ្យបណ្តាពលរដ្ឋត្រូវរាយការណ៍ទៅកាន់រដ្ឋបាលឃុំសង្កាត់ ជាបន្ទាន់ករណីពលរដ្ឋណាបាននិងកំពុងប្រើប្រាស់ ឬជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បញ្ចាំនៅតាម បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចី ហាងលក់ទំនិញ ឬកន្លែងទទួលបញ្ចាំក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ ដើម្បីឲ្យរដ្ឋបាលសង្កាត់ ជួយសម្របសម្រួលយកអត្តសញ្ញាណបណ្ណនោះយកមកវិញ ដើម្បីយកទៅប្រើប្រាស់បោះឆ្នោត។
បើតាមលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញបានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកក្កដានេះថា មកដល់ពេលនេះ មន្ត្រីរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានចុះណែនាំទៅដល់បណ្តា គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរពីប្រជាពលរដ្ឋទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីផ្សេងៗ គឺត្រូវផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមឲ្យទៅពលដ្ឋ ដែលជាអតិថិជនរបស់ខ្លួនវិញ ដើម្បីឲ្យគាត់យកអត្តសញ្ញាណបណ្ណនោះ យកទៅប្រើប្រាស់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដានេះ។
លោក ជា សុខៃ បញ្ជាក់ថា រដ្ឋបាលសង្កាត់របស់លោក នឹងអនុវត្តតាមផ្លូវច្បាប់ ចំពោះករណី គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និង អាជីវកម្មអត់ច្បាប់ណា ដែលបានយកអត្តសញ្ញាណបណ្ណច្បាប់ដើមរបស់ពលរដ្ឋធ្វើជាទ្រព្យធានាបញ្ចាំ ហើយមិនព្រមប្រគល់អត្តសញ្ញាណបណ្ណច្បាប់ដើមនោះឲ្យទៅពលរដ្ឋ ដើម្បីឲ្យគាត់យកទៅប្រើប្រាស់ដើម្បីបោះឆ្នោត។
សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងមហាផ្ទៃបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្តត្រូវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជី និងកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ទៅលើគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺត្រូវយកអត្តសញ្ញាណបណ្ណថតចម្លង ហើយត្រូវប្រគល់យកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមឲ្យពលរដ្ឋវិញ៕អត្ថបទ ស៊ុម សុខជា