អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។
បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។
“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។
គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕
