រុស្ស៊ី៖ កងកម្លាំងយោធារុស្ស៊ីបានបំផ្លាញសព្វាវុធផ្សេងៗនៅក្នុងជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងសត្រូវក្នុងទិសដៅជាច្រើន នេះបើយោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការស្តីពីដំណើរការវិវឌ្ឍន៍ក្នុងសមរភូមិដែលចេញផ្សាយដោយប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានប្រយុទ្ធជាមួយទាហាន និងទាហានអ៊ុយក្រែននិងទាហានស៊ីឈ្នួលនៅទីក្រុង Kupyansk និងទិសដៅផ្សេងទៀត ដោយបានបំផ្លាញគ្រឿងយុទ្ធោករណ៍របស់អ៊ុយក្រែន រួមមានរថក្រោះ, រថពាសដែក, ប្រព័ន្ធរ៉ុក្កែត RM-70 Vampire ដែលផលិតនៅសាធារណរដ្ឋឆេក ប្រព័ន្ធកាំភ្លើងធំM109 Paladin ដែលផលិតដោយសហរដ្ឋអាមេរិក ប្រព័ន្ធកាំភ្លើងធំ M777 និងរ៉ាដាប្រឆាំងកាំភ្លើងធំ ក្នុងចំណោមសព្វាវុធផ្សេងៗទៀត។

នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា មានការប៉ះទង្គិចគ្នាជាង ២០ដងរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅតំបន់ Lymanទីក្រុង Bakhmut ទីក្រុងAvdiivka ទីក្រុងMar'inka និងទិសដៅផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមក។ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងកាំភ្លើងធំ បានធ្វើការវាយប្រហារប្រឆាំងនឹងតំបន់ប្រមូលផ្តុំកម្លាំងកងកម្លាំង និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី ទីតាំងកាំភ្លើងធំ ព្រមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិកផងដែរ។
ទន្ទឹមនឹងនេះ លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk របស់រុស្ស៊ី ជាប់ព្រំដែនប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក្នុងតំបន់ បានស្ទាក់ចាប់មីស៊ីលរបស់អ៊ុយក្រែនចំនួនពីរគ្រាប់នៅក្នុងតំបន់នោះ។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបទៅនឹងការអះអាងរបស់លោក Bogomaz ពីប្រទេសអ៊ុយក្រែននោះទេ៕
