កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។
យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕