អាមេរិក៖ បេសកជនផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃអាទិត្យ (៩ កក្កដា)ថា វិបត្តិអាកាសធាតុគឺ "គួរឱ្យភ័យខ្លាចណាស់" និងឈានដល់ "ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន" ។
ការអត្ថាធិប្បាយរបស់លោក Kerry ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន BBC បានធ្វើឡើងបន្ទាប់ពីថ្ងៃដ៏ក្តៅបំផុតមិនធ្លាប់មានរបស់ពិភពលោកកាលពីថ្ងៃចន្ទ (៣ កក្កដា) ជាមួយនឹងសីតុណ្ហភាពជាមធ្យមនៃពិភពលោកឡើងដល់ ១៧,០១អង្សាសេ។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បាននិយាយផងដែរថា ការតវ៉ារបស់ក្រុមសកម្មជន បញ្ឃប់ការប្រើប្រាស់ឥន្ធនៈ (Just Stop Oil) នៅឯការប្រកួតកីឡាវាយកូនបាល់ Wimbledon ទីក្រុង London កាលពីថ្ងៃពុធ (៥ កក្កដា)បង្ហាញថា សហគមន៍ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិអាកាសធាតុ។ លោកក៏បាននិយាយថា សហរដ្ឋអាមេរិក និងចិនត្រូវពង្រឹងទំនាក់ទំនងរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ៕
