ស្វាយរៀង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារប្រមាណ៥០០នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។
ទន្ទឹមនេះលោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ៕









