
នាយករដ្ឋមន្ត្រីនៃប្រជុំកោះសូឡូម៉ុន លោក Manasseh Sogavare ត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីចិន Li Qiang នៅទីក្រុងប៉េកាំង នាថ្ងៃចន្ទ (ទី១០ កក្កដា) នេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីការឈានដល់កិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសនេះ។
លោក Sogavare ដែលបានមកដល់ប្រទេសចិន កាលពីមួយថ្ងៃមុន បានចូលរួមក្នុងពិធីស្វាគមន៍ នៅឯវិមានមហាសាលប្រជាជន (Great Hall of People ) មុនពេលគណៈប្រតិភូនៃប្រទេសទាំង២ បើកកិច្ចចរចាជាផ្លូវការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ។
ការិយាល័យរបស់ប្រធានាធិបតីប្រទេសប្រជុំកោះសូឡូម៉ុង បាននិយាយថា ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ដែលត្រូវបានផ្តល់មូលនិធិដោយទីក្រុងប៉េកាំង លោក Sogavare នឹងបើកសម្ពោធស្ថានទូតរបស់ប្រទេសនេះ ជួបជាមួយក្រុមហ៊ុននានារបស់ចិន និងធ្វើដំណើរទស្សនាខេត្ត Jiangsu និង Guangdong។
សូមបញ្ជាក់ដែរថា លោក Sogavare បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៩ ដោយបានបង្វែរទំនាក់ទំនងការទូតរបស់ប្រទេសពីកោះតៃវ៉ាន់ មកកាន់ប្រទេសចិនវិញ៕