
ក្រុមអាជ្ញាធរ និងសារព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃចន្ទនេះថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោច ២២នាក់ ក៏ដូចជាបង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ដ៏គំហក់នៅក្នុងតំបន់។
សាលារៀននៅទីក្រុងញូវដែល្លី បានបិទទ្វារ ក្រោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានជន់លិចរដ្ឋធានីជាតិមួយនេះ កាលពីចុងសប្តាហ៍កន្លងទៅ ហើយក្រុមអាជ្ញាធរនៅរដ្ឋតំបន់ភ្នំហិម៉ាឡៃ Himachal Pradesh និងរដ្ឋ Uttarakhand បានស្នើសុំឲ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរចេញពីផ្ទះរបស់ពួកគេ លុះត្រាតែចាំបាច់។
ក្រុមអាជ្ញាធរ និយាយផងដែរថា រដ្ឋធានីញូវដែល្លី មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ទឹកភ្លៀងកម្ពស់ ១៥៣មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់បំផុតរយៈពេល ១ថ្ងៃនៅក្នុងខែកក្កដា អំឡុងពេល៤០ឆ្នាំកន្លងមកនេះ បានជន់លិចទីក្រុងទាំងស្រុង។
កាសែត Times of India បានរាយការណ៍ថា មនុស្សយ៉ាងហោច ២២នាក់ បានស្លាប់ដោយសារទឺកជំនន់ និងបំណាក់ដីនៅរដ្ឋភាគខាងជើង Himachal Pradesh, Uttarakhand, Uttar Pradesh, Jammu and Kashmir និងរដ្ឋ Punjab កាលពីថ្ងៃអាទិត្យ។
នៅរដ្ឋ Himachal Pradesh ទឺកជំនន់ដ៏គំហក់ កាលពីចុងសប្តាហ៍កន្លងទៅ បានហូរបាក់ស្ពាន និងហូរនាំយកខ្ទមជាច្រើន។ រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារ ANI ដែលជាដៃគូរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ក្រុមអាជ្ញាធរប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីសង្រ្គោះមនុស្សដែលជាប់ខ្លួនតាមដងផ្លូវ និងលើស្ពាន ដោយសារតែទឹកភ្លៀង ៕