
បុរសវ័យ ២៥ឆ្នាំម្នាក់ ដែលត្រូវបានគេសង្ស័យថាបានវាយប្រហារមកលើសាលាមតេយ្យសិក្សាមួយកន្លែងស្ថិតក្នុងស្រុកលានជាំង ខេត្តក្វាងទុង ប្រទេសចិន ដោយបានសម្លាប់មនុស្ស ៦នាក់ និងមនុស្សម្នាក់ទៀត រងរបួសនោះ បង្កឲ្យមានក្តីកង្វល់យ៉ាងខ្លាំងពីអំពើហិង្សាមកលើកុមារនៅតាមសាលារៀន។
សារព័ត៌មាន បានរាយការណ៍ថា ការវាយប្រហារដែលបានកើតឡើងនៅស្រុកលានជាំង ស្ថិតនៅខេត្តភាគខាងត្បូងមួយនេះ គឺជាហេតុការណ៍ដេញចាក់ ។
ក្រុមនគរបាលនិយាយថា ជនសង្ស័យដែលមានគោត្តនាម អ៊ូ ហើយនិងមកពីស្រុកលានជាំង ត្រូវបានឃាត់ខ្លួន ហើយពួកគេកំពុងស៊ើបអង្កេតលើករណីវាយប្រហារមួយនេះ ។
សារព័ត៌មានមួយចំនួន រាយការណ៍ថា ទាំងមនុស្សពេញវ័យ និងកុមារស្ថិតនៅក្នុងចំណោមជនរងគ្រោះ។ ស្របពេលដែលឧក្រិដ្ឋកម្មហិង្សាគឺជារឿងកម្រនៅក្នុងប្រទេសចិនដោយសារតែច្បាប់គ្រប់គ្រងអាវុធរឹតត្បិត និងសន្តិសុខតឹងរឹងនោះ ឧបទ្ទេវហេតុដេញចាក់នៅតាមសាលាមតេយ្យសិក្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកើតមានក្តីកង្វល់យ៉ាងខ្លាំងពីសុវត្ថិភាពនៅតាមសាលារៀន ។
ហេតុការណ៍វាយប្រហារចុងក្រោយនេះដែរ ធ្វើឲ្យការជជែកដេញដោលច្រើនលើបណ្តាញព័ត៌មានសង្គម Weibo ហើយគិតត្រឹមវេលាម៉ោង ១ និង ៥០នាទីរសៀលថ្ងៃចន្ទនេះ ការជជែកដេញនេះ បានទាក់ទាញអ្នកមើលរហូតដល់ទៅ ២៩០លានលើក ។
ខណៈពេលនោះដែរ អ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គមួយចំនួន បានអំពាវនាវឲ្យកាត់ទោសប្រហារជីវិតជនសង្ស័យម្នាក់នេះ ៕