
សេអ៊ូល៖ នៅថ្ងៃចន្ទនេះ សមាជិកសភាបក្សប្រឆាំងរបស់កូរ៉េខាងត្បូងមួយក្រុមបានចេញដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីតវ៉ាចំពោះគម្រោងការរបស់ប្រទេសនេះជុំវិញការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រ។
យោងតាមគណបក្សប្រជាធិបតេយ្យបានឲ្យដឹងថា សមាជិកសភាប្រាំបួនរូបនៃគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងជនឯករាជ្យសេរីនិយមពីររូប បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅព្រឹកមិញនេះ សម្រាប់ដំណើររយៈពេលបីថ្ងៃ។
បន្ទាប់ពីបានទៅដល់ទីក្រុងតូក្យូ សមាជិកសភាទាំងនោះបានធ្វើការប្រមូលផ្តុំគ្នាតវ៉ានៅមុខនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដោយសហការជាមួយសកម្មជនពលរដ្ឋជប៉ុន នេះបើយោងតាមគណបក្សប្រជាធិបតេយ្យ។
សមាជិកសភាកូរ៉េខាងត្បូងគ្រោងនឹងធ្វើទស្សនកិច្ចតវ៉ាទៅកាន់ការិយាល័យប្រចាំតំបន់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅទីក្រុងតូក្យូ និងអង្គុយធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភារបស់ប្រទេសជប៉ុនទៀតផង។
ពួកគេគ្រោងនឹងប្រកាសសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃអង្គារជាមួយនឹងក្រុមសមាជិកសភាជប៉ុនដែលប្រឆាំងនឹងផែនការបង្ហូរទឹកសំណល់នេះ ព្រមទាំងធ្វើសន្និសីទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសនៅក្នុងប្រទេសជប៉ុន និងមានការដង្ហែក្បួនតវ៉ានៅថ្ងៃពុធទៀតផង៕
