
ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតសាកល្បង ជូនដល់បុគ្គលិកក្រុមហ៊ុន តេលាកម្ពុជា និងក្រុមហ៊ុន តូយូតា ស្ថិតក្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងថ្ងៃទី១០ នៃយុទ្ធនាការចុះអប់រំផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតសាកល្បង ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រប់ជាន់ថ្នាក់ រួមនឹងអ្នកផ្តល់សេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនទាំងពីរ រួមនឹងប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ សញ្ញារូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសនិ្ដភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងផ្ដល់ក្ដីស្រលាញ់ គាំទ្រដល់គណបក្សប្រជាជនកម្ពុជាកន្លងមក របស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនទាំងពីរខាងលើនេះ។
ចំណែកឯកឧត្តម ងី ម៉េង ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា បានលើកឡើងថា សកម្មភាពនាពេលេនះ មិនមែនជាលើកទីមួយទេ ដែលឯកឧត្តម ម៉ម ប៊ុនហេង ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយបក្សទាំង៨ចំនុច រួមទាំងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋ គឺមានរយៈពេល១០ថ្ងៃជាប់គ្នា ហើយសកម្មភាពនេះនឹងបន្ដចុះជាប់ជាប្រចាំ ក្នុងឱកាសនៃការឃោសនារកសំឡេងឆ្នោត រយៈពេល២១ថ្ងៃ ដែលគោរពតាមគោលការណ៍របស់ គ.ជ.ប។ ជាពិសេសក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយលើកកម្ពស់សុខមាលភាព លើកកម្ពស់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋក្រោមដំបូលសុខសន្តិភាព។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕ អត្ថបទ៖ រដ្ឋា
























