

អ្នកគាំទ្ររបស់តារាចម្រៀងរ៉ែបម្នាក់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានកាត់ទោសតារាចម្រៀងរ៉ែបដ៏មានប្រជាប្រិយភាពរូបនោះឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និង ៣ខែ ពាក់ព័ន្ធនឹងការចូលរួមរបស់រូបគេ ក្នុងការតវ៉ា ដែលបានធ្វើឲ្យប្រទេសរំជើបរំជួល កាលពីឆ្នាំមុន។
គណនីបណ្ដាញសង្គមដែលដំណើរការដោយអ្នកគាំទ្រតារាចម្រៀងរ៉ែប លោក Toomaj Salehi បានប្រកាសឲ្យដឹងពីការកាត់ទោសនេះ ពោលគឺដូចនឹងការប្រកាសរបស់សមាជិកសភាអាល្លឺម៉ង់លោកស្រី Ye-One Rhie ដែលបានធ្វើយុទ្ធនាការជំនួសរូបគេដែរ។ ពាក់ព័ន្ធនឹងការលើកឡើងពីការកាត់ទោសនេះ មិនទាន់មានពាក្យឆ្លើយតបភ្លាមៗនោះឡើយពីអាជ្ញាធរអ៊ីរ៉ង់។
តារាចម្រៀងលោក Salehi គឺស្ថិតក្នុងចំណោមជនជាតិអ៊ីរ៉ង់រាប់ពាន់នាក់ ដែលភាគច្រើនជាយុវជន បានចេញមកធ្វើបាតុកម្មតាមផ្លូវ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini វ័យ ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយនគរបាលសីលធម៌របស់អ៊ីរ៉ង់ ពីបទចោទប្រកាន់ការរំលោភលើច្បាប់ស្លៀកពាក់តាមបែបអ៊ីស្លាមដ៏តឹងរឹងរបស់ប្រទេស។ នាពេលនោះ ការតវ៉ាបានរីករាលដាល នៅទូទាំងប្រទេស ហើយបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងការអំពាវនាវឲ្យផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាម។
លោក Salehi បានបង្ហាញការគាំទ្រចំពោះការតវ៉ានេះ តាមរយៈបទចម្រៀង និងវីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមបណ្ដាញអ៊ិនធឺណិត។ បើយោងតាមសកម្មជនសិទ្ធិមនុស្ស ក្នុងប្រទេសអ៊ីរ៉ង់ ដែលតាមដានភាពចលាចលនេះយ៉ាងដិតដល់ បានឲ្យដឹងថា អាជ្ញាធរបានបើកការបង្ក្រាបយ៉ាងខ្លាំង ដែលមនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ និងជិត ២០.០០០នាក់ ត្រូវបានចាប់ខ្លួន តែអាជ្ញាធរ បានប្រាប់ថា អ្នកដែលត្រូវបានឃុំខ្លួនជាច្រើននាក់ ត្រូវបានដោះលែង ឬត្រូវបានកាត់បន្ថយទោស។
ការតវ៉ាភាគច្រើន បានថយចុះ នៅដើមឆ្នាំនេះ ប៉ុន្តែនៅតែមានសញ្ញានៃការមិនសប្បាយចិត្តយ៉ាងទូលំទូលាយដដែល៕