ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីដប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំ ណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ហៅកាត់(គធ.ខប) បានឱ្យដឹងថា មានគណបក្សនយោបាយចំនួន ១៤ បានធ្វើសកម្ម ភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួន ៥ បានហែក្បួនឃោសនា។
ប្រភពដដែលបន្តថា នៅថ្ងៃទីដប់នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ និងគណបក្សខ្មែរឈប់ក្រ បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ។
ក្រៅពីគណបក្សទាំង ៥ នេះ មានគណបក្សនយោបាយចំនួន ៩ ផ្សេងទៀត រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សកសិករ, គណបក្សធម្មាធិបតេយ្យ, គណបក្សសំបុកឃ្មុំសង្គ មប្រជាធិបតេយ្យ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សយុវជនកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ(Slide)វីដេអូនៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕ ដោយ៖ គង់ ឌិន




