
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Biden បាននិយាយក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា សង្រ្គាមអ៊ុយក្រែនជាមួយរុស្ស៊ីត្រូវតែបញ្ចប់មុនពេលប្រទេសនេះអាចចូលរួមជាសមាជិកអង្គការណាតូបាន។
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងពេលសន្ទនាជាមួយទូរទស្សន៍ CNN ដោយនិយាយថា មិនមានកិច្ចព្រមព្រៀងណាមួយនៅក្នុងអង្គការណាតូ អំពីពេលណាដែលអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធមិត្តយោធានេះនោះទេ។ លោក Biden ក៏បានបញ្ជាក់ផងដែរអំពីបញ្ហាមួយចំនួនជាមួយនឹងសិទ្ធិទទួលបានរបស់អ៊ុយក្រែន ដូចជាកង្វះនៃលទ្ធិប្រជាធិបតេយ្យជាដើម។
លោក Biden បានប្រាប់ទូរទស្សន៍ CNN ថា "ខ្ញុំគិតថា យើងត្រូវរៀបចំផ្លូវសមហេតុផលមួយសម្រាប់អ៊ុយក្រែន ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការចូលជាសមាជិករបស់អង្គការណាតូ" ។ លោក Biden បានបន្ថែមថា “ខ្ញុំមិនគិតថា មានការឯកភាពគ្នានៅក្នុងអង្គការណាតូ អំពីថាតើត្រូវយកអ៊ុយក្រែនចូលក្នុងសម្ព័ន្ធណាតូនៅក្នុងពេលពាក់កណ្តាលនៃសង្រ្គាម ឬយ៉ាងណានោះទេ។
ទោះជាយ៉ាងនេះក្តី លោក Biden បានប្តេជ្ញាបន្តការបញ្ជូនជំនួយទៅអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងការពារការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ សហរដ្ឋអាមេរិកបានបរិច្ចាគជិត ១០០ពាន់លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងនេះ៕
