
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី រាយការណ៍នៅថ្ងៃចន្ទ (១០ កក្កដា)នេះថា ការចរចាដែលរំពឹងទុករវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្គាន់ (Tayyip Erdogan) នៅតែជាក្តីសង្ឃឹមតែមួយគត់ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលគ្រោងនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។
កិច្ចព្រមព្រៀងសមុទ្រខ្មៅដែលត្រូវបានផ្តួចផ្តើមឡើងសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ដោយអង្គការសហប្រជាជាតិ និងទួរគីក្នុងខែកក្កដា ឆ្នាំ២០២២ មានគោលបំណងការពារវិបត្តិស្បៀងអាហារពិភពលោកដោយអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលជាប់គាំងដោយការឈ្លានពានរបស់រុស្ស៊ី អាចនាំចេញដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅ។
លោក អឺដូហ្គាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកកំពុងជំរុញឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅថ្ងៃទី១៧ ខែកក្កដានេះ យ៉ាងហោចណាស់បីខែ ហើយបានប្រកាសពីដំណើរទស្សនកិច្ចដោយលោកពូទីនក្នុងខែសីហា។ វិមានក្រឹមឡាំងបាននិយាយកាលពីចុងសប្តាហ៍ថាមិនមានការហៅទូរស័ព្ទតាមកាលវិភាគទេ ហើយថាមិនមានភាពប្រាកដប្រជាអំពីជំនួបមេដឹកនាំទាំងពីរនោះឡើយ។
ទីក្រុងអង់ការ៉ាបានធ្វើឲ្យទីក្រុងមូស្គូខឹងសម្បាព្រោះតែការសម្រេចកាលពីថ្ងៃទី ៨ ខែកក្កដារបស់ខ្លួនក្នុងការដោះលែងមេបញ្ជាការ៥នាក់នៃអង្គភាពមួយរបស់អ៊ុយក្រែន ដោយត្រូវបានឃុំខ្លួនឲ្យទៅទីក្រុងគីវ ដែលបានការពាររោងចក្រដែកថែបអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន ដោយវិមានក្រឹមឡាំងនិយាយថាក្រុងអង់ការ៉ាបានរំលោភលើកិច្ចព្រមព្រៀងនានា៕