
សព្វាវុធការពារដែនអាកាស ប៉ាទ្រីយ៉ូត ត្រូវបានដាក់បង្ហាញនៅថ្ងៃចន្ទនេះ នៅជិតអាកាសយានដ្ឋាន ទីក្រុងវីលញូស ខណៈទីក្រុងនេះកំណត់ពេលរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាNATO។
មេដឹកនាំសម្ព័ន្ធយោធាNATO នឹងជួបប្រជុំគ្នា នៅក្នុងប្រទេសលីទុយអានី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ដើម្បីដោះស្រាយប្រធានបទជាបន្តបន្ទាប់ដ៏ទូលំទូលាយ មានពីការខ្វែងគំនិតគ្នាជុំវិញបំណងសមាជិកភាពរបស់ប្រទេសអ៊ុយក្រែន និងដំណើរការចូលរបស់ប្រទេសស៊ុយអែត រហូតដល់ការបង្កើនឃ្លាំងស្តុកគ្រាប់រំសេវ និងពិនិត្យឡើងវិញ ផែនការការពារជាតិលើកដំបូងក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ប្រធានាធិបតីទួរគី លោក Tayyip Erdogan អធិការបតីអាល្លឺម៉ង់លោក Olaf Scholzប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ស្ថិតក្នុងចំណោម មេដឹកនាំសម្ព័ន្ធយោធាNATO ទាំង៣១ប្រទេស ដែលចូលរួមកិច្ចប្រជុំកំពូលនៅក្នុងរដ្ឋតំបន់បាល់ទិកតូចមួយនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏ត្រូវបានគេរំពឹងថា នឹងចូលរួម និងដាក់សម្ពាធសម្រាប់អ៊ុយក្រែនដើម្បីសុំចូលក្នុងសម្ព័ន្ធយោធាNATO ឲ្យបានឆាប់ បន្ទាប់ពីសង្គ្រាម បង្កឡើងដោយ ការវាយលុករបស់រុស្ស៊ី ដល់ពេលបញ្ចប់។