
ប្រទេសនូវ៉ែលហ្សេឡង់ បាននិយាយ នៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ថា ខ្លួនមានទំនុកចិត្តទាំងស្រុង លើការណែនាំរបស់អង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ឬ UN បន្ទាប់ពីអង្គភាពនេះ បានយល់ព្រមលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបង្ហូរទឹក ដែលបានធ្វើប្រព្រឹត្តិកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា គម្រោងការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកប្រព្រឹត្តិកម្មរួចហើយចេញពីរោងចក្រនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ នឹងមានផលប៉ះពាល់ពីសារធាតុវិទ្យុសកម្មតិចតួច លើមនុស្ស និងបរិស្ថាន។
រដ្ឋមន្ត្រីការបរទេសនូវ៉ែលហ្សេឡង់ លោកស្រី Nanaia Mahuta បានជួបជាមួយអគ្គនាយក IAEA លោក Rafael Grossi នៅទីក្រុង Auckland ជាកន្លែង ដែលលោកស្រី បានប្រាប់ថា បានពិភាក្សាគ្នាយ៉ាងយូរអំពីរបាយការណ៍របស់ខ្លួនស្តីពីការបង្ហូរទឹកប្រព្រឹត្តិកម្មរួចហើយ ដែលស្នើឡើងដោយរោងចក្រហ្វូគូស៊ីម៉ា។
លោកស្រី Mahuta បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំបានរំលឹកឡើងវិញនូវការមានទំនុកចិត្តទាំងស្រុងរបស់ប្រទេសនូវ៉ែលហ្សេឡង់ ចំពោះដំបូន្មានរបស់ IAEA និងបានសរសើរ ចំពោះវិធីសាស្រ្តដែលផ្អែកលើវិទ្យាសាស្ត្ររបស់ពួកគេ។
លោកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា៖ «ខ្ញុំក៏មានអារម្មណ៍ដែរថា វាមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញនូវការយកចិត្តទុកដាក់ ចំពោះបទពិសោធន៍ដ៏គ្រោះថ្នាក់របស់តំបន់ប៉ាស៊ីហ្វិកជាមួយនឹងការសាកល្បងនុយក្លេអ៊ែរ ហើយបានស្នើដោយផ្ទាល់ថា ការចូលរួមដ៏មានអត្ថន័យ នៅតែបន្តមានជាមួយតំបន់ប៉ាស៊ីហ្វិកពាក់ព័ន្ធនឹងគ្រោងការបញ្ចេញទឹក ដែលបានស្នើឡើងនេះ»៕