
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយ នៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ថា ប្រទេសកាណាដា នឹងធ្វើឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងប្រទេសឡាតវី។
ការកត់សម្គាល់នេះ បានកើតឡើងមុនពេលមានកិច្ចចរចាទ្វេភាគីជាមួយប្រធានាធិបតីឡាតវីដែលទើបចូលកាន់តំណែងថ្មីលោក Edgars Rinkevics នៅរដ្ឋធានីរីហ្គា (Riga) របស់ប្រទេសឡាតវី។
លោក Trudeau បានថ្លែងថា៖ «ប្រទេសឡាតវី និងកាណាដា គ្រាន់តែជាមិត្តជិតស្និទ្ធប៉ុណ្ណោះ ហើយទំនាក់ទំនងនោះបានមានភាពកាន់តែស៊ីជម្រៅខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងវត្តមានរបស់ប្រទេសកាណាដា និងការដឹកនាំនៃកងកម្លាំងរបស់អង្គការណាតូ នៅទីនេះ»។
ប្រទេសកាណាដាកំពុងដឹកនាំក្រុមកងកម្លាំងប្រយុទ្ធ Enhanced Forward Presence របស់អង្គការណាតូ នៅក្នុងប្រទេសឡាតវី ដោយបច្ចុប្បន្នមានសមាជិក ៨០០នាក់នៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលឈរជើងនៅទីនោះ។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ច ដែលធ្វើឡើងនៅមុនពេលលោក Trudeau ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី ដោយកិច្ចប្រជុំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា។ ប្រធានបទដូចជាសង្រ្គាម ដែលកំពុងបន្តកើតមាននៅអ៊ុយក្រែន ការប្រឹងប្រែងចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន និងការសុំចូលសមាជិកភាពរបស់អង្គការណាតូដែលមិនទាន់សម្រេចរបស់ប្រទេសស៊ុយអែត នឹងត្រូវបានពិភាក្សា ក្នុងកិច្ចប្រជុំនេះ៕