ទួរគី៖ ប្រមុខសម្ព័ន្ធយោធាណាតូ លោក ជេនស្តូលធិនប៊ើក (Jens Stoltenberg) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីទួរគីលោក រីស៊ីប តាយីបអឺដូហ្គែន (Recep Tayyip Erdoğan)កាលពីថ្ងៃចន្ទ បានយល់ព្រមទម្លាក់ចោលការជំទាស់របស់លោកចំពោះការចូលរួមរបស់ស៊ុយអែតជាមួយសម្ព័ន្ធយោធាណាតូ ហើយនឹងដាក់ការផ្ដល់សច្ចាប័នដល់សភារបស់ទួរគីឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
លោកស្តូលធិនប៊ើក បាននិយាយមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូដែលត្រូវចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ថា ប្រទេសស៊ុយអែត នឹងក្លាយជាសមជិកពេញសិទ្ធិរបស់សម្ព័ន្ធនេះ ។
លោកបាននិយាយថា លោកអឺដូហ្គែន បានផ្ដល់ការប្ដេជ្ញាចិត្តយ៉ាងដ៏ច្បាស់លាស់ក្នុងការចូលជាសមាជិករបស់ស៊ុយអែត។

ការផ្ដាល់ប្ដូរជំហរបស់ក្រុមមេដឹកនាំទួរគី បានកើតមានឡើង បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីស៊ុយអែត អាល់ហ្វ គ្រីស្ទើសុន(Ulf Kristersson) និងលោកស្តូលធិនបើក។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្រោយការពិភាក្សា ប្រទេសទួរគី ស៊ុយអែត និងណាតូ បានគូសបញ្ជាក់ថា ទីក្រុងស្តុកខុម (Stockholm) បានកែប្រែច្បាប់ ដែលបានពង្រីកសហប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងក្រុមគណបក្សពលករឃើដ ឬហៅកាត់ថាPKK និងបានចាប់ផ្ដើមការនាំចេញអាវុធជាថ្មីទៅកាន់ប្រទេសទួរគី។
សេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុម ក៏បានយល់ព្រមបង្កើត ការបង្រួមសន្តិសុខទ្វេភាគីថ្មីផងដែរ ហើយថា ប្រទេសស៊ុយអែតនឹងបង្ហាញផែនទីវិថីជាមូលដ្ឋាននៃការបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕
