គុយបា៖ ប្រទេសគុយបាកាលពីថ្ងៃចន្ទ បានចោទរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាដែលបានឲ្យរង្គោះរង្គើដល់កោះសមុទ្រការ៉ាអ៊ីព កាលពីពីរឆ្នាំមុន ដែលជាបាតុកម្មដ៏ធំបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩របស់លោក ហ្វីដែល កាស្ត្រូ (Fidel Castro)។
កាសែត Granma ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត បាននិយាយនៅក្នុងវិចារណកថាទំព័រមុខ នៅមុនពេលខួបនៃការតវ៉ាថា៖«សហរដ្ឋអាមេរិកមានទំនួលខុសត្រូវផ្ទាល់ចំពោះភាពចលាចល នៅថ្ងៃទី១១ និង ១២ ខែក្កដា ឆ្នាំ២០២១»។

កាសែតនេះ បាននិយាយថា ប្រជាជនត្រូវបានគេញុះញង់ដោយចំហ និងផ្តល់មូលនិធិពីសហរដ្ឋអាមេរិក ដើម្បីបំពានច្បាប់ក្នុងសកម្មភាពប្លន់ និងវាយដំ ចំណែកទីក្រុងវ៉ាស៊ីនតោនវិញ បានបង្កើនការដាក់ទណ្ឌ កម្មរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសគុយបា បានជួបការលំបាក ដោយសារផលប៉ះពាល់នៃវីរុសរាតត្បាតកូរ៉ូណា។
ទាំងក្រសួងការបរទេសអាមេរិក ទាំងសេតវិមាន មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានអះអាងថា កុបកម្មបានកើតឡើងដោយឯកឯង និងបដិសេធថា មិនបានបង្កបញ្ហាទាំងនោះក្តី។
វិចារណកថា ក៏បានស្តីបន្ទោសទៅលើ«យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច»តាម រយៈបណ្តាញសង្គម។
វិចារណកថានោះ បានឲ្យដឹងទៀតថា៖«ការបង្កាច់បង្ខូចដែលត្រូវបានផ្សព្វផ្សាយដោយសេតវិមានទាក់ ទងនឹងព្រឹត្តិការណ៍ដែលខ្លួនឧបត្ថម្ភនៅឆ្នាំ ២០២១ ត្រូវបានប្រើជាលេស ដើម្បីរក្សាគោលនយោបាយនៃការដាក់សម្ពាធអតិបរមាប្រឆាំងនឹងគុយបា»៕