អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងអះអាងថា ក្នុងរយៈពេល១0ថ្ងៃ នៃយុទ្ធនាការឃោសនារកបោះឆ្នោតទាំងក្នុងរាជធានី និងតាមបណ្តាខេត្តនានាទូទាំងប្រទេស គណបក្សហ៊្វុនស៊ិនប៉ិច បានប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានបញ្ហាអ្វីកើតឡើងនោះទេ ផ្ទុយទៅវិញមានតែជួយសម្របសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់ពីសំណាក់អាជ្ញាធរបានយ៉ាងល្អទៀតផង។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ញឿន រ៉ាដែន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១០ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើឡើងទាំងលក្ខណៈទ្រង់ទ្រាយតូច និងធំ ទាំងនៅក្នុងរាជធានីភ្នំពេញ និង តាមបណ្តាខេត្តនានា ខណៈពេលធ្វើយុទ្ធនាការពុំមានអធិករណ៍ណាមួយកើតឡើងនោះទេទាំងតាមទីប្រជុំជន និងតាមទីជនបទដាច់ស្រយ៉ាល។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា «គ.ជ.ប. និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ទាំងអស់ជួយសម្របសម្រួលបានយ៉ាងល្អពេលអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលកន្លងមកនេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច»។
លោកបន្តថា គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ហើយមានការដឹកនាំដង្ហែដោយផ្ទាល់ពីព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ សម្រាប់យុទ្ធនាការទាំងបីរាជធានីខេត្តនេះ។ លោកញឿន រ៉ាដែន បានបន្តថា ក្រៅពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសមាជិក-សមាជិការបស់គណបក្សហ៊្វុនស៊ិនប៉ិចក៏បានដើរចែកខិត្តបណ្ណ និងបង្រៀនបងប្អូនប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាសម្រាប់ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ គឺធ្វើរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប បានប្រកាសថា ថ្ងៃទីរយៈពេល១០នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានប្រព្រឹត្តទៅដោយរលូន និងគ្មានហិង្សាណាមួយកើតឡើងនោះឡើយ ខណៈសកម្មភាព របស់គណបក្សនយោបាយនានាធ្វើឡើងស្របទៅតាមច្បាប់របស់គ.ជ.ប។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស៕ អត្ថបទ៖ បាន ចក់










