អ៊ីស្រាអែល៖ សភាតំណាងរាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បានផ្តល់ការអនុម័តជាដំបូង ចំពោះសេចក្តីស្នើច្បាប់ ដែលធ្វើឡើង ដើម្បីកម្រិតអំណាចតុលាការកំពូលមួយចំនួន ដោយការធ្វើនេះ គឺជាផ្នែកនៃការចាប់ផ្ដើមសើរើប្រព័ន្ធតុលាការឡើងវិញរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលបានបង្កឲ្យមានវិបត្តិនយោបាយកាន់ខ្លាំងឡើង។

ការជំរុញដើម្បីឲ្យមានការកែប្រែចំពោះប្រព័ន្ធយុត្តិធម៌ពីសំណាក់គណបក្សរដ្ឋភិបាលចម្រុះជាតិនិយម និងសាសនា ដែលកំពុងកាន់អំណាចរបស់លោក Netanyahu បានបង្កឲ្យមានបញ្ហាមួយចំនួនកើតឡើង ដូចជាការតវ៉ាមិនធ្លាប់មានពីមុនមក ការបារម្ភចំពោះស្ថានភាពប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច និងវិបត្តិសេដ្ឋកិច្ច។
ដោយត្រូវការ ៦៤អាសនៈ ពីចំនួន ១២០អាសនៈរបស់សភា រដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានឈ្នះការបោះឆ្នោតលើកដំបូង ក្នុងចំណោមការបោះឆ្នោត៣ដង ដែលតម្រូវឲ្យធ្វើ ដើម្បីឲ្យសេចក្តីស្នើច្បាប់ថ្មីនេះ ចូលជាធរមាន ខណៈមានការរំពឹងថា ការតវ៉ាចំពោះច្បាប់នេះ ក៏នឹងមិនថមថយនោះដែរ។

សេចក្តីស្នើច្បាប់ថ្មីនេះ ស្វែងរកការទប់ស្កាត់អំណាចរបស់តុលាការកំពូលដើម្បីទុកជាមោឃៈសេចក្តីសម្រេច ដែលធ្វើឡើងដោយរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាប់ឆ្នោត ដោយកាត់សេចក្តីលើពួកគេមិនសមហេតុផល។ ឥឡូវនេះ ពង្រាងច្បាប់នេះ វិលត្រឡប់ទៅគណៈកម្មាធិការវិញហើយ ដើម្បីធ្វើការពិភាក្សា ហើយអាចត្រូវបានកែសម្រួលសិន មុនពេលត្រូវបាននាំយកទៅធ្វើការបោះឆ្នោតចុងក្រោយ។
អ្នករិះគន់អះអាងថា ការត្រួតពិនិត្យលើប្រព័ន្ធតុលាការនេះ ជួយការពារការប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច តែអ្នកគាំទ្រ ចំពោះសេចក្តីស្នើច្បាប់នេះ និយាយថា ការកែប្រែនេះ នឹងជួយសម្រួលដល់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ពោលគឺទប់ស្កាត់អន្តរាគមន៍របស់តុលាការ៕