កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃអង្គារ បានចោទប្រកាន់យន្តហោះចារកម្មយោធាអាមេរិកថា បានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះចំនួន៨លើក។

លោកស្រី គីម បានព្រមានថាកងកម្លាំងអាមេរិក នឹងប្រឈម នឹង«ការហោះហើរដ៏គ្រោះថ្នាក់បំផុត» ប្រសិនបើពួកគេបន្តនូវអ្វីដែលកូរ៉េខាងជើង បានហៅថា «ជ្រៀតចូលខុសច្បាប់» ដោយនិយាយឡើងវិញនូវការចោទប្រកាន់ ដែលទីក្រុងព្យុងយ៉ាង បានធ្វើឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើការហោះហើរឈ្លបយកការណ៍។ ទីក្រុងព្យុងយ៉ាង ក៏បានព្រមានថា ការហោះហើរបែបនេះ អាចនឹងត្រូវបានបាញ់ទម្លាក់។
មុននេះ មន្ទីរបញ្ចកោណ បានច្រានចោលការចោទប្រកាន់របស់ក្រុងព្យុងយ៉ាងជុំវិញការរំលោភបំពានដែនអាកាស ហើយបាននិយាយថា យោធាអាមេរិក បានគោរពតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖««ដូច្នេះការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ»។

លោកស្រី គីម បានចោទប្រកាន់កងទ័ពអាកាសអាមេរិកថា បានឈ្លានពានចូលទៅក្នុង«តំបន់ទឹកសេដ្ឋកិច្ច» របស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅលើមេឃពីខាងលើសមុទ្រ មានចម្ងាយ ៤៣៥ គីឡូម៉ែត្រ ភាគខាងកើតនៃតំបន់Tongchon ក្នុងខេត្ត Gangwon និង ២៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់Uljin ក្នុងខេត្តGyeongsangភាគខាងជើង៕
តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសមួយ ដែលលាតសន្ធឹង ៣៧០គីឡូម៉ែត្រពីតំបន់ដែនដី ២២ គីឡូម៉ែត្រជុំវិញឆ្នេរសមុទ្រ គឺជាសិទ្ធិក្នុងការទាញយកធនធានសមុទ្រនៅខាងក្នុង ប៉ុន្តែមិនផ្តល់អធិបតេយ្យភាពលើផ្ទៃទឹក ឬដែនអាកាសខាងលើនោះទេ៕