កណ្ដាល ៖ បណ្តាមន្ទីរពេទ្យបង្អែកនៅក្នុងខេត្តកណ្តាល មកដល់ថ្ងៃទី១៧ ខែឧសភានេះ បាននិងកំពុងបន្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ទាំងបីប្រភេទដូសទី២ជាធម្មតា ខណៈមកដល់ពេលនេះ ជាសប្តាហ៍ទី៤ នៃយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ដូសទី២ ក៏ដោយ។
វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរបង្អែកជ័យជំនះ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែមករានេះ ថា នៅពេលនេះ នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ មិនទាន់បើកការទទួលចាក់វ៉ាក់សាំងដូសទី១ឡើងវិញទេ ប៉ុន្តែមន្ទីរពេទ្យជ័យជម្នះ ក៏ដូចបណ្តាមន្ទីរពេទ្យបង្អែកនៅតាមបណ្តាស្រុកនានាទៀត កំពុងបន្តដំណើរការចាក់វ៉ាក់សាំងប្រភេទកូវីសែល និងស៊ីណូវ៉ាក់ដូសទី២ ជូនពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងដូសទី ១ រួចហើយ។
លោក លី មករា បន្តថា នៅពេលនេះ ដើម្បីធានាគ្រប់គ្រងវ៉ាក់សាំងអោយបានត្រឹមត្រូវ មន្ទីរពេទ្យជ័យជំនះមិនបន្តចាក់ជូនពលរដ្ឋមកពីក្រៅក្រុងតាខ្មៅទៀតនោះទេ ដោយសារ សេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ ហើយពលរដ្ឋអាចធ្វើដំណើរទៅរកចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យនានា ដែលនៅជិតលំនៅឋានរបស់ខ្លួនបាន។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ នៅតាមបណ្តាមន្ទីរពេទ្យបង្អែក បន្តចាក់វ៉ាក់សាំងជូនពលរដ្ឋតែលើដូសទី២ តែទោះយ៉ាងណា នៅពេលនេះដែរ រដ្ឋបាលខេត្តកណ្តាល ក៏បានរៀបចំផែនការចាក់វ៉ាក់សាំងដូសទី១វគ្គថ្មីរួចហើយ ហើយនៅពេលខាងមុខឆាប់ៗនេះ នឹងបើកដំណើរការចាក់ជូនពលរដ្ឋទូទៅ ទូទាំងខេត្តកណ្តាល ខណៈដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងនៅរាជធានីភ្នំពេញ ជាពិសេសពលរដ្ឋនៅក្នុងតំបន់ក្រហម។
ឯកឧត្តម បញ្ជាក់ថា នៅក្នុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងទាំងបីប្រភេទកន្លងមក គឺខេត្តកណ្តាលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋបានប្រមាណជាង ១០ម៉ឺននាក់រួមមាន ៖ មន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ ព្រះសង្ឃ អាជីវករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានាទៀត ដែលបានចាក់លើកទី១រួចហើយ។
អត្ថបទ ៖ ស៊ុម សុខជា