ភ្នំពេញ៖យុវជនសង្គមស៊ីវិលកាន់តែច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បន្តប្រកាសចូលរួមធ្វើសកម្មភាព និងគាំទ្រជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលជាសមាជិករបស់បណ្ដុំអង្គការសមាគមសង្គមស៊ីវិល។
លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិលបានថ្លែងថា បច្ចុប្បន្នបណ្តុំអង្គការសមាគមសង្គមស៊ីវិល មានដៃគូរសហការ អង្គការ សមាគម និងក្រុមចំនួន ១២ ស្ថាប័ន ក្នុងនោះសមាជិកជាយុវជនចំនួន ៧០ នាក់។
លោកបន្តថា ក្រុមយុវជនសង្គមស៊ីវិលទាំងនេះ កាលពីមុនពួកគេធ្លាប់ចាញ់កលនយោបាយរបស់ក្រុមប្រឆាំងដែលបានបណ្ដុះមនោគមន៍វិជ្ជាអាក្រក់ឱ្យស្អប់រាជរដ្ឋាភិបាល ប៉ុន្ដែពេលនេះពួកគេទទួលបានការពន្យល់ណែនាំពីក្រុមយុវជននៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ធ្វើឱ្យពួកគេបានដឹងច្បាស់ពីនយោបាយអាក្រក់ទាំងនោះយ៉ាងច្បាស់ និងឈប់ចាញ់ការញុះញង់ទៀតហើយ។
ក្រុមយុវជននៃបណ្តាញយុវជនខ្មែរមហានគរ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ជាពិសេសគាំទ្រគោលនយោបាយ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកច្រើន និងទទួលបានសន្ដិភាពពេញលេញដូចសព្វថ្ងៃនេះ។
សូមជម្រាបថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ។ ស្របពេលជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិលដែលធ្លាប់មាននិន្នការ និងធ្វើសកម្មភាពប្រឆាំងជាច្រើនបានងាកមកធ្វើសកម្មភាពគាំទ្រជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់៕ អត្ថបទ/ វ៉ន ដារ៉ា